ហេតុផល ៦ យ៉ាង​អ្នក​មិន​​គួរ​ស្រឡាញ់​សង្សារ​ចាស់​របស់​មិត្តភ័ក្ដិ​ខ្លួន​ឯង


អារម្មណ៍​របស់​មនុស្ស​ពិត​ជា​ពិបាក​យល់​ខ្លាំង​ណាស់ ទោះ​ជា​ដឹង​ថា​គេ​ធ្លាប់​ជា​មនុស្ស​អតីត​របស់​មិត្ត​ស្និទ្ធស្នាល​ខ្លួន​ ប៉ុន្តែ​ចិត្ត​ចេះ​តែ​មិន​ស្ដាប់​បញ្ជា និង​ចង់​សាកល្បង​ស្រឡាញ់​គ្នា​ជាមួយ​គេ។ ប្រសិន​អ្នក​កំពុង​តែ​ធុញថប់ មិន​ដាច់​ស្រឡះ មិន​ដឹង​ថា​គួរ​​ជ្រើសរើស​ផ្លូវ​មួយ​ណា ខាង​ក្រោម​នេះ​ជា​ហេតុផល ៦ យ៉ាង ដែល​​អាច​​បញ្ចុះបញ្ចូល​អ្នក​​ឲ្យ​បដិសេធ​ចំពោះ​ជម្រើស​មួយ​នេះ​យ៉ាង​ដាច់​ខាត៖
១.វិប្បដិសារី
សាក​ស្រមៃ​មើល​ថា ពេល​មិត្តភ័ក្ដិ​ឃើញ អ្នក និង​សង្សារ​ចាស់​របស់​គេ​​ក្លាយ​ជា​គូ​ស្នេហ៍ ​តើ​នាង​នឹង​មាន​អារម្មណ៍​បែប​ណា? ត្បិត​តែ​នាង​មិន​និយាយ​អ្វី​ទាំង​អស់ ត្រឹម​ក្រសែ​ភ្នែក ការ​បញ្ចេញ​ទឹក​មុខ​របស់​នាង ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មាន​វិប្បដិសារី និង​​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​ខ្លាំង​ដែរ។
២.មិត្តភាព​ត្រូវ​បាន​បំផ្លាញ
ប្រសិន​អ្នក​ចង់​រក្សា​មិត្តភាព​ឲ្យ​បាន​យូរ​អង្វែង សូម​កុំ​ជ្រើសរើស​ផ្លូវ​នេះ​ឲ្យ​សោះ។ មនុស្ស​ប្រុស​ល្អ​មាន​ច្រើន​ណាស់ ហេតុអ្វី​ត្រូវ​បំផ្លាញ​មិត្តភាព​ដែល​ខំ​សាង​រយៈ​ពេល​រាប់​ឆ្នាំ ​ដោយសារ​តែ​មនុស្ស​ប្រុស​ទៅ​វិញ។ ម៉្យាង​ទៀត​មិត្ត​ល្អ​ពិត​ជា​មិន​ងាយ​ស្រួល​រក​ឡើយ អ្នក​ត្រូវ​ចេះ​រក្សា​វា​ឲ្យ​បាន​ល្អ។
៣.ខូច​កិត្តិយស
គុណ​តម្លៃ ព្រម​ទាំង​កេរ្តិ៍ឈ្មោះ កិត្តិយស របស់​អ្នក​នឹង​ត្រូវ​អាប់ឱន​នៅ​ក្នុង​ភ្នែក​អ្នក​ដទៃ។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​មិន​សូវ​ចេះ​ខ្វល់ វា​មិន​មែន​ជា​បញ្ហា​ទេ។ ប៉ុន្តែ​តើ​អ្នក​រំពឹង​ចង់​បាន​ភាព​ស្មោះត្រង់​ពី​បុរស​ម្នាក់​នោះ​កម្រិតណា បើ​អ្នក​ធ្លាប់​ឃើញ​គាត់​ក្បត់​មិត្តភ័ក្ដិ​របស់​អ្នក​ម្ដង​ហើយ​ហ្នឹង?
៤.ស្នេហា​គ្មាន​រសជាតិ
ប្រសិន​ជ្រើសរើស​ស្រឡាញ់​គ្នា​ជាមួយ​គាត់ អ្នក​ប្រហែល​មិន​ទទួល​បាន​អារម្មណ៍​រំភើប រំជើប​រំជួល ដូច​គូ​ស្នេហ៍​ថ្មីថ្មោង​ទេ។ នេះ​ក៏​ព្រោះ​ពី​មុន មិត្តភ័ក្ដិ​របស់​អ្នក​តែងតែ​រៀបរាប់​រឿងរ៉ាវ​គ្រប់​បែប​យ៉ាង​អំពី​គាត់​ ប្រាប់​អ្នកអស់​គ្មាន​សល់។
៥.សង្គម​មិត្តភ័ក្ដិ
មិន​ត្រឹម​តែ​អ្នក​ទេ​ដែល​ពិបាក សូម្បី​មិត្តភ័ក្ដិ​ធម្មតា​ៗ​ដទៃ​ទៀត​ក៏​លំបាក​ដូច​គ្នា​ដែរ ព្រោះ​រវាង​អ្នក​ទាំង​ពីរ​ពួកគេ​មិន​ដឹង​ថា​ត្រូវ​កាន់​ជើង​ខាង​ណា​ឲ្យ​ប្រាកដ។
៦.ទំនាស់​ព្រោះ​ការ​ប្រៀបធៀប
រឿងហេតុ​បង្ក​ឲ្យ​ស្នេហា​អ្នក​ទាំង​ពីរ​រកាំរកូស អាច​បណ្ដាល​មក​ពី​ការ​ប្រៀបធៀប​​គ្នា​រវាង​ស្នេហា​អតីត​របស់​គាត់។ អ្នក​អាចនឹង​​ស្ដាយក្រោយ ព្រោះ​គាត់​មិន​សូវ​ធ្វើ​ល្អ​ជាមួយ​អ្នក​ដូច​មិត្ត​អ្នក​ពី​មុន។ ការ​ច្រណែន ប្រច័ណ្ឌ ចេះ​តែ​កើតឡើង​មិន​ចេះ​ឈប់ឈរ៕

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម