៥ចំណុច ដែលគូរស្នេហ៍ត្រូវដឹង ដើម្បីឲ្យជីវិតគូរុងរឿង

ជីវិតគូដែលស្ថិតស្ថេរ កក់ក្តៅពោរពេញទៅដោយសេចក្តីស្រឡាញ់ និងការយល់ចិត្តគ្នា គឺជាប្រភពកម្លាំងកាយ និងកម្លាំងចិត្តដ៏សំខាន់ឱ្យយើងអាចនៅរស់បានយ៉ាងមានសេចក្តីសុខ ដោយគោលការណ៍ងាយៗ ៥យ៉ាង គឺលើកតម្កើង យល់ព្រម បន្ធូរបន្ថយ ចែកឱ្យដាច់ និងតស៊ូ។

០១) លើកតម្កើង
សម្រាប់គូជីវិត ការលើកតម្កើង និងផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមកមានភាពសំខាន់ខ្លាំងជាងគេបំផុត ការចេះលើកតម្កើងគូជីវិតលើមូលដ្ឋានគ្រឹះនៃការពិតទាំងនៅនឹងមុខ និងក្រោយខ្នងនោះនឹងធ្វើឱ្យអាចរស់នៅជាមួយគ្នាបានយ៉ាងរលូន គ្មានបញ្ហា។ ទោះជាមិនដឹងថា តើត្រូវប្រើវាចានិយាយលើកតម្កើងយ៉ាងណាក៏ដោយ តែដំបូងបំផុតគឺមិនត្រូវនាំយករឿងរបស់ស្វាមី ឬភរិយាទៅនិយាយយ៉ាងសប្បាយមាត់នោះទេ ព្រោះបើអ្នកណាបានឮគេនឹងយល់ថា ស្វាមីភរិយាមួយគូនេះមិនចេះផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមកឡើយ។
០២) យល់ព្រម
ចេះយល់ព្រម អ៉ឺអើ តាមចិត្តស្វាមី (ឬភរិយា) ខ្លះផង ព្រោះមនុស្ស ២នាក់មកពីកន្លែងខុសគ្នា ហើយមករស់នៅជាមួយគ្នាច្បាស់ជាមានពេលណាមួយ ឬជាច្រើនដងដែលមានការយល់ឃើញមិនស៊ីសង្វាក់គ្នា ក្នុងខណៈដែលការរស់នៅជាមួយគ្នានោះមានច្រើនរឿងណាស់ដែលទាំងពីរនាក់ត្រូវសម្រេចចិត្តរួមគ្នា បើម្នាក់ៗប្រកាន់យកតែហេតុផលរបស់ខ្លួនឯងជាធំ គ្មាននរណាចុះចាញ់នរណា គិតតែពីយកឈ្នះឱ្យបាននោះ ជីវិតគូបែបនេះប្រហែលជានៅជាមួយគ្នាមិនបានយូរឡើយ។
០៣) បន្ធូរបន្ថយ
ក្នុងការរស់នៅជាគូនឹងគ្នា រឹតតែនៅជាមួយគ្នាយូរ រឹតតែស្គាល់គ្នាច្បាស់ឡើង និងមានរឿងរ៉ាវផ្សេងៗឆ្លងចូលមកក្នុងជីវិតគ្នាទៅវិញទៅមកកាន់តែច្រើនឡើងដែរ។ ពេលរស់នៅជាមួយគ្នាថ្មីៗ អ្វីៗក៏ល្មមអាចទ្រាំបានដែរ តែពេលនៅជាមួយគ្នាយូរទៅ អ្វីដែលធ្លាប់ទ្រាំបាន ក៏ចាប់ផ្តើមទ្រាំលែងបាន ទទូលយកលែងបាន ព្រោះតែជួបនឹងរឿងដដែលៗ តែការពិតវិញជីវិតគូ រឹតតែនៅជាមួយគ្នាយូរ រឹតតែត្រូវមានការចេះបន្ធូរបន្ថយឱ្យគ្នាទៅវិញទៅមកច្រើនជាង។ ស្រឡាញ់គ្នាដំបូងៗត្រូវតែចេះសម្របសម្រួល ចុះសម្រុង និង
បន្ធូរបន្ថយឱ្យគ្នាផង។
០៤) ចែកឱ្យដាច់
ការរស់នៅទាំងនៅក្នុងផ្នែកដែលជាជីវិតផ្ទាល់ខ្លួន និងជីវិតគូនេះតែងតែមានរឿងរ៉ាវផ្សេងៗមកលាយឡំរហូតញែកមិនចេញបើជារឿងតូចតាចអ៉ីចេះអ៉ីចុះលាយឡំគ្នានោះ ក៏ល្មមអាចមើលរំលងបាន តែរឿងខ្លះជារឿងដែលមិនអាចលាយឡំចូលគ្នាបានឡើយ
ដូចជា រឿងការងារ និងរឿងផ្ទាល់ខ្លួនជាដើម អ្នកខ្លះមួម៉ៅពីកន្លែងធ្វើការ ត្រឡប់មកដល់ផ្ទះក៏មួម៉ៅរាលដាលដាក់ភរិយា (ឬស្វាមី) នៅផ្ទះ ឬមានបញ្ហានៅផ្ទះហើយទៅឡូឡាដាក់មិត្ត័ក្តិរួមការងារ ឬកូនចៅនៅកន្លែងធ្វើការ អាចហុចផលឱ្យកើតបញ្ហាធំឡើងបានទាំងនៅផ្ទះ និងកន្លែងធ្វើការ។ ភរិយាខ្លះទូរស័ព្ទតាមដានស្វាមីពេញមួយថ្ងៃ ជាការរុកគួនរំខានសមាធិក្នុងការធ្វើការច្រើនជាការធ្វើឱ្យស្វាមីរំភើបចិត្តគិតថា ភរិយាស្រឡាញ់ និងបារម្ភពីខ្លួន រហូតទ្រាំលែងបានអាចដល់ថ្នាក់ចែកផ្លូវគ្នាដើរក៏មានដែរ។
០៥) តស៊ូ
មិនថាកើតបញ្ហាអ្វីក៏ដោយ កម្លាំងចិត្តគឺជារឿងសំខាន់បំផុត ក្តីប្រាថ្នាក្នុងការមានសេចក្តីសុខស្រស់ស្រាយរហូតពេញមួយជីវិតអាពាហ៍ពិពាហ៍នោះ ត្រូវតែមានចិត្តអំណត់អត់ធន់ តស៊ូជាមួយគ្នា ចង់សុខ ចង់ទុក្ខក៏ត្រូវតែរួមគ្នាពុះពារ អ្នកណាអស់សង្ឃឹមរួញរា ឬដួលរលំក៏ត្រូវតែជួយទាញគ្នាឱ្យក្រោកឈរឡើងជាថ្មីយ៉ាងស្ថិតស្ថេររឹងមាំឱ្យបាន។
ព្រោះសម្ព័ន្ធភាពដ៏អស្ចារ្យអាចសាងបានតាមរយៈសេចក្តីស្រឡាញ់ ក្តីយល់ចិត្ត និងទុកចិត្តគ្នាទៅវិញទៅមក ទើបស្នេហានោះនៅស្ថិតស្ថេរយូរអង្វែងបាន៕

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម