សម្រាប់​អ្នក​អត់​គូ​វ័យ​ជ្រេ ល្មម​លើក​ជើង​ឡើង ​ហើយ​ដើរ​រក​គូ​សម្រាប់​ខ្លួន​ឯង


ខ្ញុំ​បាន​រស់​នៅ​ក្នុង​ភាព​នៅ​លីវ​អស់​រយៈ​ពេល​៣៤​ឆ្នាំ​ហើយ ហើយ​ធ្លាប់​គិត​ថា​នឹង​បន្ត​រស់​នៅ​បែប​នេះ​រហូត​ទៅ។ តែ​នៅ​ពេល​នេះ​ខ្ញុំ​គិត​ថា ដល់​ពេល​ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ​ហើយ។

នៅ​លីវ​មិន​មែន​ជា​បញ្ហា​តែ​ឯកា
ខ្ញុំ​គឺ​ជា​មនុស្ស​ស្រី​អេ​ម្នាក់​ក្នុង​គ្រួសារ និង​សង្គម។ ជីវិត​របស់​ខ្ញុំ​មាន​តែ​ការងារ ហើយ​ជួបជុំ​មិត្តភ័ក្ដិ​ម្ដងម្កាល។ បង​ៗ​ស្រី​ក្នុង​ក្រុមហ៊ុន​ពេល​ឃើញ​​ខ្ញុំ​ដើរ​ទេសចរ បាន​ត្រឹម​តែ​សរសើរ​ហើយ​ចង់​ដើរ​បាន​ដូច​ខ្ញុំ​ដែរ។
ខ្ញុំ​ក៏​គិត​ថា​ខ្លួន​មាន​សំណាង​ដែរ ព្រោះ​កណ្ដាល​ហ្វូង​មនុស្ស​ក្រោយ​ពេល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​គឺ​ត្រូវ​ងងឹត​មុខ​ធ្វើ​ការងារ​ផ្ទះ ដាំ​បាយ ធ្វើ​ម្ហូប មើល​កូន​ហើយ​រឿង​១០០​មុខ​ទៀត។ ពេល​ណាត់​គ្នា​ជាមួយ​អ្នក​មាន​គ្រួសារ​ម្ដង​ៗ​មិន​ដែល​បាន​គ្រប់​គ្នា ប្រាកដ​ជា​មាន​អ្នក​អវត្តមាន​ជា​មិន​ខាន។
យ៉ាងណាក្ដី ថ្ងៃ​មួយ ទើប​ខ្ញុំ​នឹក​ឃើញ​ថា រឿង​តែ​ម្យ៉ាង​គត់​ដែល​ខ្ញុំ​មិន​អាច​គ្រប់គ្រង​បាន​នោះ​គឺ​អារម្មណ៍​ឯកា។ ព្រោះ​ក្រោយ​ការ​ជប់លៀង​សប្បាយ​ហ៊ឹកហ៊ាក់​ជាមួយ​មិត្តភ័ក្ដិ​ទាំង​ឡាយ នៅ​ពេល​ទៅ​ដល់​ផ្ទះ​វិញ អារម្មណ៍​ឯកា​ហ៊ុមព័ទ្ធ​ខ្ញុំ ហាក់​មិន​ឲ្យ​ខ្ញុំ​រួច​ខ្លួន​តែ​ម្ដង។ នោះ​គឺ​ជា​ពេល​ដែល​ខ្ញុំ​ដឹង​ថា ដល់​ពេល​ត្រូវ​កែ​ប្រែ​ខ្លួន​ឯង​ហើយ មិន​អាច​នៅ​ដូច​នេះ​រហូត​នោះ​ឡើយ។
រឿង​ទី​១​ដែល​ខ្ញុំ​ធ្វើ​នោះ​គឺ​ស្វែង​រក​មូលហេតុ​នៃ​ភាព​អេ​របស់​ខ្ញុំ ហេតុ​អ្វី​មក​ដល់​អាយុ​នេះ​ហើយ ខ្ញុំ​នៅ​តែ​អត់​សង្សារ។ បើ​និយាយ​ពី​ចំណេះ និង​រូប​សម្បត្តិ ខ្ញុំ​មិន​អន់​ខ្លាំង​នោះ​ទេ តែ​អ្នក​ជុំ​វិញ​ខ្ញុំ​បាន​ប្រាប់​ថា មក​ពី​ខ្ញុំ​ឆ្លាត និង​ជោគជ័យ​ពេក ធ្វើ​ឲ្យ "អ្នក​ក្រ​មិន​ហ៊ាន អ្នក​មាន​មិន​ចូល"។
ចុង​បញ្ចប់​បង​ស្រី​ខ្ញុំ​បាន​ផ្គូផ្គង​ខ្ញុំ​នឹង​បុរស​ម្នាក់​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ដែល​ស្គាល់​មុខ​ទាល់​តែ​សោះ។ ហើយ​ពួក​ខ្ញុំ​ក៏​យល់​ព្រម​ជួយ​មុខ​គ្នា​នៅ​ហាង​កាហ្វេ​មួយ​ដោយ​មាន​បង​ស្រី​ខ្ញុំ​ទៅ​ជាមួយ​ដែរ។ នៅ​ពេល​ជួប​គេ​ដំបូង ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង​ព្រោះ​គេ សង្ហារ សុភាពរាបសារ មាន​ចំណេះ មាន​ការងារ​ល្អ ហើយ​ចាស់​ទុំ​ទៀត។ ខ្ញុំ​គិត​ក្នុង​ចិត្ត​ខ្លួន​ឯង​ថា សម័យ​បែក​ស្លុយ​នេះ​ទៅ​ហើយ ហេតុ​អ្វី​នៅ​មាន​មនុស្ស​ឥត​ខ្ចោះ​បែប​នេះ​ទៀត ឬ​ក៏​ទេវតា​មាន​ភ្នែក?
ចុង​បញ្ចប់ ទេវតា​ពិត​ជា​មាន​ភ្នែក​មែន បុរស​នោះ​នៅ​ពេល​នេះ​គឺ​ជា​សង្សារ​របស់​ខ្ញុំ ហើយ​ពួក​គេ​បាន​រៀប​គម្រោង​រៀបការ​នៅ​ពេល​ខាង​មុខ​នេះ។ តាម​នេះ​ដែរ ទោះ​បី​ជា​យើង​មាន​អ្វី​គ្រប់​ក៏​ដោយ ក៏​កុំ​បិទ​ចិត្ត​ខ្លួន​ឯង​អី បើក​ចិត្ត​ឲ្យ​ទូលាយ ហើយ​បើ​ព្រហ្មលិខិត​មក​ដល់ គូ​របស់​អ្នក​នឹង​មក​ដោយ​ខ្លួន​ឯង។ ហើយ​សម្រាប់​អ្នក​ដែល​អេ​យូរ​ឆ្នាំ​វិញ ឆ្នាំ​ថ្មី​នេះ លើក​ជើង​ឡើង​ហើយ​ដើរ​រក​​គូ​របស់​ខ្លួន​ទៅ៕

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម