គួរ​ធ្វើ​យ៉ាង​ណា​នៅ​ពេល​ខាង​ប្រុស​ចាប់​ផ្ដើម​ងរង៉ក់​វិញ​ម្ដង?


មនុស្ស​ប្រុស​មិន​សូវ​ចេះ​ខឹង​ច្រើន​ឡើយ ដោយ​តែង​មាន​ចិត្ត​អត់​ធន់​ជាង​មនុស្ស​ស្រី តែ​នៅ​ពេល​ដែល​គេ​ពិបាក​ចិត្ត ឬ​ខឹង​អ្នក​មិន​គួរ​បណ្ដោយ​ឲ្យ​គេ​នៅ​តែ​ឯង​នោះ​ដែរ ព្រោះ​អ្នក​ណា​ក៏​ដោយ នៅ​ពេល​ដែល​មាន​អារម្មណ៍​ខឹង​តែង​ចង់​មាន​អ្នក​លួង​ហើយ។ ខាង​ក្រោម​នេះ​គឺ​ជា​សកម្មភាព​អ្នក​គួរ​ធ្វើ​នៅ​ពេល​គេ​ងរង៉ក់​នឹង​យើង។
១. ចេះ​រក្សា​ភាព​ស្ងៀមស្ងាត់​ត្រូវ​ពេល​វេលា
ត្រូវ​ចេះ​ស្ងាត់​នៅ​ពេល​គេ​ស្ងាត់​ដែរ នេះ​គឺ​ការ​ជៀសវាង​ភាព​តានតឹង​របស់​អ្នក​ទាំង​២ នៅ​ពេល​ដែល​ជម្លោះ​បាន​កើត​ឡើង​ហើយ។ នៅ​ពេល​ប្រកែក​គ្នា ហើយ​គេ​ដើរ​ចេញ​ទាំង​ស្ងៀមស្ងាត់​មាន​ន័យ​ថា កំហឹង​ឡើង​ដល់​កំពូល​ហើយ ដូចនេះ​បើ​យើង​នៅ​តែ​តមាត់​ទៀត រឿង​អាច​បែក​ធំ​ជាង​មុន​ទៀត។
២. ហ៊ាន​និយាយ​ពាក្យ​សូមទោស​មុន
មនុស្ស​ស្រី​ភាគ​ច្រើន​តែង​អះអាង​ថា​ខ្លួន​ត្រូវ​ជានិច្ច​រាល់​ពេល​ប្រកែក​គ្នា ទាំង​ដែល​ខ្លួន​ជា​អ្នក​ខុស​ក៏​ដោយ។ រឿង​បែប​នេះ​កើត​ឡើង​ច្រើន​ដង​នឹង​ធ្វើ​ឲ្យ​គេ​ធុញ​ទ្រាន់។ ដូចនេះ​ពាក្យ​សូមទោស​មួយ​ម៉ាត់​គឺ​មិន​ពិបាក​ពេក​ទេ ប្រសិន​បើ​យើង​ពិត​ជា​ស្រលាញ់​គេ​មែន។
៣. សូម​ទុក​ពេល​ឲ្យ​គេ
ប្រសិន​បើ​និយាយ​ពាក្យ​សូមទោស​ហើយ តែ​គេ​នៅ​តែ​ងរ កុំ​ទាន់​អាល​ស្រែក​ឆោឡោ​អី។ មនុស្ស​ប្រុស​មិន​ទុក​រឿង​ក្នុង​ចិត្ត​យូរ​នោះ​ទេ ប្រសិន​បើ​គេ​ដឹង​ថា​យើង​ទទួល​កំហុស​ហើយ គេ​នឹង​ឆាប់​បាត់​ខឹង​មិន​ខាន។
៤. ឱប​ពី​ខាង​ក្រោយ
នៅ​ពេល​ពាក្យ​សំដី​គេ​លែង​ចង់​ស្ដាប់​ហើយ មាន​តែ​ប្រើ​សកម្មភាព។ ទោះ​បី​ជា​ខឹង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​ឱប​គេ​ពី​ខាង​ក្រោយ​ឱ្យ​ជាប់​នោះ គ្មាន​មនុស្ស​ប្រុស​ណា​ដាច់​ចិត្ត​ខឹង​សង្សារ​ខ្លួន​ដល់​ថ្នាក់​នេះ​ហើយ​មិន​ព្រម​លើកលែង​នោះ​ឡើយ។
៥. ឥទ្ធិពល​នៃ​ទឹក​ភ្នែក
ការ​យំ​គឺ​ជា​អាវុធ​ដ៏​សាហាវ​បំផុត​របស់​មនុស្ស​ស្រី។ កម្រ​នឹង​រក​បាន​បុរស​ណា​ដែល​អាច​ទ្រាំ​បាន​នឹង​ទឹក​ភ្នែក​មនុស្ស​ស្រី​ខ្លាំង​ណាស់។ នៅ​ពេល​ដែល​លួង​អស់​ចិត្ត​អស់​ចង់​ហើយ តែ​គេ​នៅ​តែ​មិន​ព្រម​បាត់​ងរ ត្រូវ​តែ​យក​ក្បាច់​ចុងក្រោយ​នេះ​មក​ប្រើ ធានា​ថា​នឹង​ទទួល​បាន​ផល។
៦. កុំ​រំលឹក​រឿង​នាំ​ឲ្យ​ខឹង​គ្នា​ឡើង​វិញ
ក្រោយ​ពេល​ជានា​គ្នា​ហើយ ដាច់​ខាត​កុំ​រំលឹក​រឿង​នាំ​គេ​ខឹង​ឡើង​វិញ​ឲ្យ​សោះ កុំ​ឲ្យ​ដូច​ពាក្យ​គេ​និយាយ​ថា ដំបៅ​មិន​ឈឺ​មិន​យក​ឈើ​រុក។ អ្វី​ដែល​កន្លង​ផុត​ហើយ កុំ​លើក​ឡើង​មក​និយាយ​ទៀត។ ពេល​ខ្លះ​ដោយ​សារ​តែ​ចង់​ឌឺ​ឬ​លេង​សើច​ជាមួយ​គេ ក៏​យក​មក​និយាយ​ទៀត នេះ​មិន​មែន​ជា​រឿង​ដែល​គួរ​ធ្វើ​នោះ​ទេ៕

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម