ទង្វើ​អាក្រក់​៤​យ៉ាងរបស់​ឪពុក​ម្ដាយ នាំ​ឱ្យ​កូន​កាត់​ចរិត​តាម ហើយ​កុំ​ខឹង​កូន


តាំង​ពី​កើត​ដំបូង ក្មេង​គឺ​ដូច​ជា​ក្រដាស​ស​មួយ​ផ្ទាំង​ បើ​ឃើញ​អ្វី​ជា​គំរូ​ គេ​នឹង​ធ្វើ​តាម​។ ជាពិសេស​ទង្វើ​របស់​ឪពុក​ម្ដាយ​គឺ​ជា​កត្តា​សំខាន់​បំផុត បើ​ធ្វើ​បាន​ល្អ កូន​នឹង​រៀន​តាម ហើយ​បើ​ធ្វើ​អាក្រក់ កូន​ក៏​រៀន​តាម​ដូច​គ្នា​។ ដូច្នេះ​អ្នក​ជា​ម្ដាយ​ឪពុក​គួរ​គិត​ថា អ្វី​ដែល​ខ្លួន​ធ្វើ​រាល់​ថ្ងៃ​សម្រាប់​កូន​ៗ​ឃើញ​ជា​អ្វី​ដែល​ពួក​គេ​គួរ​មើល​ដែរ​ឬ​អត់ ហើយ​បើ​ធ្វើ​មិន​ល្អ​ឱ្យ​កូន​ឃើញ​ហើយ ថ្ងៃ​ក្រោយកុំ​ខឹង​ថា​កូន​ចរិត​មិន​ល្អ។

១- ប្ដី​ប្រពន្ធ​មិន​ដែល​ប្រើ​ពាក្យ​ពីរោះ​ដាក់​គ្នា
ពាក្យ​សម្ដី​និង​កាយវិការ​ជា​មេរៀន​ដែល​កូន​ៗ​រៀន​ដំបូង​គេ​ពី​ឪពុក​ម្ដាយ​ បើ​គេ​ធំ​ចេះ​ស្ដាប់​ ចេះ​និយាយ​ ឮ​តែ​ឪពុកម្ដាយ​ប្រើ​ពាក្យ​គំរោះ​គំរើយ​ដាក់​គ្នា គេ​នឹង​ចង​ចាំ ហើយ​រៀន​ថា​តាម​នៅ​ពេល​ក្រោយ​។ ដល់​ពេល​នោះ បើ​ឪ​ពុក​ម្ដាយ​មិន​បានយក​ចិត្ត​ទុក​ដាក់ បែរ​ជា​គិត​ថា កូន​នៅ​ក្មេង​មិន​ទាន់​ប្រដៅ ថ្ងៃ​ក្រោយ​ច្បាស់​ជា​ពុត​លែង​បាន​មិន​ខាន។
២- ឪពុក​ម្ដាយ​ដែល​មិន​ដឹង​គុណ​ឪពុក​ម្ដាយ​ខ្លួន​ឯង


អ្នក​ខ្លះ​ឆ្ងល់​ថា​ហេតុ​អី​កូន​កើត​មក​មាន​ចរិត​រឹង​រូស ប្រើ​ពាក្យ​សម្ដី​ជាមួយ​ខ្លួន​ជា​ប៉ា​ម៉ាក់​មិន​ពីរោះពិសា​សោះ ទោះ​បី​ប្ដី​ប្រពន្ធ​ខ្លួន​និយាយ​គ្នា​ផ្អែម​ល្ហែម​ឱ្យ​កូន​ស្ដាប់​ក៏​ដោយ។ ប៉ុន្តែ​​អ្នក​ប្រហែល​ភ្លេច​ចាប់​អារម្មណ៍​ថា ​អ្នក​បាន​ធ្វើ​ចរិត​រឹង​រូស​ដាក់​ឪពុក​ម្ដាយ​ខ្លួន​ដែល​ត្រូវ​ជា​តាយាយ​របស់​កូន​ៗ​អ្នក​ដូច​គ្នា ដូច​ជា​ការ​និយាយ​ទ្រគោះ​បោះបោក​ដាក់​លោក​ ឬ​មិន​បាន​បម្រើ​ទឹក​ក្ដៅ​ត្រជាក់​ដាក់​លោក​ជា​ដើម​។ នៅ​ពេល​កូនៗ​អ្នក​ឃើញ​ទង្វើ​ទាំង​នេះ គេ​នឹង​ធ្វើ​ដាក់​អ្នក​ដូច​គ្នា ព្រោះ​គេ​យល់​ថា​នេះ​ជា​វប្បធម៌​​ដែល​គ្រួសារ​នេះ​​តែង​តែ​ធ្វើ។
៣- ឪពុក​ម្ដាយ​ដែល​គ្មាន​ពេល​វេលា​សម្រាប់​កូនៗ
ភាព​កក់​ក្ដៅ​ពី​ឪពុក​ម្ដាយ​ជា​អ្វី​ដែល​កូន​ត្រូវ​ការ​បំផុត ប៉ុន្តែ​បើ​ពួក​គេ​មាន​ឪពុក​ម្ដាយ​ដែល​ចំណាយ​ពេល​វេលា​ច្រើន​ទៅ​លើ​រឿង​ផ្ទាល់​ខ្លួន ឬ​ការ​រក​ស៊ី​ជ្រុលពេក ពួក​គេ​នឹង​មិន​បាន​ទទួល​ក្ដី​សុខ​ពី​គ្រួសារ​មួយ​នេះ​ឡើយ។ ជំនួស​មក​វិញ ពួក​គេ​នឹង​ទៅ​រក​មិត្តភ័ក្ដិ​ខាងក្រៅ​ច្រើន ដែល​អាច​ចំណាយ​ពេល​ជាមួយ​គេ​ច្រើន​ជាង​ប៉ាម៉ាក់ និង​នាំ​គេ​ទៅ​កន្លែង​សប្បាយៗ​​ជា​ដើម។ ជា​លទ្ធផល កូន​ៗ​របស់​អ្នក​អាច​សេពគប់​មិត្ត​មិន​ល្អ ឬ​ហ៊ាន​ធ្វើ​រឿង​មិន​សមរម្យ​ផ្សេងៗ​។
៤- ឪពុកម្ដាយ​ដែល​អាត្មានិយម
ភាគ​ច្រើន​នៃ​កូនៗ​ដែល​មាន​ឪពុក​ឬ​ម្ដាយ​ដែល​មិន​នឹកនា ខ្វល់​ខ្វាយ​ពី​គ្រួសារ​តែង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​អ្នក​នោះ។ឧទាហរណ៍ បើ​ឪពុក​ម្ង៉ៃ​គិត​​តែ​ដើរ​លេង ផឹក​ស្រា ឬ​មិន​ខ្វល់​ពី​គ្រួសារ គាត់​នឹង​មិនទទួល​បាន​ការ​គោរព និង​ស្រលាញ់​ពី​កូន​ៗ​ឡើយ។ ដល់​ពេល​នោះ កុំ​បន្ទោស​ថា​កូន​មិន​ដឹង​គុណ ឬ​ឈ្លើយ​ជាមួយឪពុក​ម្ដាយ។
បើ​អ្នក​កំពុង​ធ្វើ​រឿង​ណា​មួយ​ក្នុង​ចំណោម​រឿង​ខាង​លើ គួរ​តែ​បញ្ឈប់​ជា​បន្ទាន់ ហើយ​ងាក​មក​ធ្វើ​រឿង​គំរូ​សម្រាប់​កូន​ៗ​វិញ​ដើម្បី​ក្ដី​សុខ​ក្នុង​គ្រួសារ​ទាំង​មូល៕

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម