កុំឲ្យគ្រប់យ៉ាងក្លាយទៅជាវិប្បដិសារីអី ព្រោះពេលខ្លះការគិតខ្លី ការគិតខុសមួយពេលងាចឲ្យគ្រប់យ៉ាងរលាយទៅយ៉ាងស្រួល។ បើសិនជាអ្នកចង់បែកគ្នាពីដៃគូរបស់អ្នកមែន វាក៏មិនទាន់ខាតពេលអីដែរបើអ្នកចំណាយពេលបន្តិចសួរខ្លួនឯងឲ្យច្បាស់នោះ ហើយទាំងនេះសុទ្ធតែជាសំណួរដែលអ្នកគួរតែសួរខ្លួនឯងសិនសឹមធ្វើការសម្រេចចិត្ត ៖
១. វាជាការខឹងមួយពេលទេមែនទេ?
នៅពេលដែលក្នុងខ្លួនមានកំហឹងនោះ គ្រប់យ៉ាងគឺផុយស្រួយខ្លាំងណាស់ ដូច្នេះអ្នកមិនអាចសម្រេចចិត្តពេលខ្លួនកំពុងខឹងដាច់ក្បាលដាច់កន្ទុយនោះទេ។ សម្រាកបន្តិច ដកដង្ហើមឲ្យស្រួល ឲ្យសួរខ្លួនងម្ដងទៀតថាពិតទេដែលចង់ដើរផ្លូវបញ្ចប់នេះ?
២. អាចសម្រួលគ្នាវិញបានទេ?
រឿងនោះធ្ងន់ធ្ងរប៉ុណ្ណាទៅបានជាចង់បែកគ្នា? គួរតែនិយាយពីបញ្ហាចេញមកទាំងអស់គ្នាហើយស្វែងរកដំណោះស្រាយសឹមគិតថាគួរតែបន្ត ឬបញ្ចប់។ អ្នកគួរតែស្ដាប់និងគោរពនូវអារម្មណ៍របស់គាត់ហើយស្វែងរកមូលហេតុដែលធ្វើឲ្យមានរឿងនេះកើតឡើង។
៣. គិតអីឆ្កួតៗម្នាក់ឯងមែនទេ?
អារម្មណ៍ពេលខ្លះគិតអីឆ្កួតៗតែឯង ទាំងម្ខាងទៀតមិនបានដឹងអីសោះ។ អ្នកមិនគួរគិតអ្វីតែម្នាក់ឯងទេ ព្រោះពេលខ្លះអ្នកអាចមានការយល់ច្រឡំ ទាំងគាត់មិនបានធ្វើខុសអ្វីទាំងអស់។ កុំមានរឿងអីជឿតាមគេហើយមកធ្វើឲ្យស្នេហាអ្នកបែកបាក់នោះ។
៤. វាជាស្នេហាដែលអ្នកត្រូវការទៀតទេ?
អស់អារម្មណ៍លើស្នេហានោះហើយមែនទេ? ឬគ្រាន់ទេជាការឈ្លោះគ្នាធម្មតា? បើនៅតែស្រឡាញ់ នៅតែត្រូវការគ្នាកុំប្រញ៉ាប់បញ្ចប់វាពេក ព្រោះពេលក្រោយអ្នកអាចនឹងយំនឹកគ្នា។
៥. បែកគ្នាហើយតើជីវិតអ្នកអាចប្រែប្រួលទេ?
ការឈឈឺចាប់ ការសោកស្ដាយ ភាពឯកា នឹងអាចរត់មករកអ្នកបន្ទាប់ពីបែកគ្នា តើបែបនេះអ្នកអាចទ្រាំបានទេ? ហើយបើបែកគ្នាទៅអ្នកនៅតែជាអ្នក អ្នកនៅតែរីករាយឬអត់? មុនពេលដែលគិតថាបែកពីគាត់ អ្នកគួរតែត្រៀមថាអ្វីនឹងកើតឡើងចំពោះខ្លួនឯងសិន។ តើគ្រប់យ៉ាងនឹងផ្លាស់ប្ដូរទៅជាបែបណា? អ្នកអាចទទួលយកការផ្លាស់ប្ដូរនោះបានទេ? បានអ្នកមិនទាន់ទទួលយកវាបានអ្នកមិនគួរចាកចេញទាំងលំបាកឡើយ។
៦. នឹងស្ដាយក្រោយទេចំពោះស្នេហានេះ?
អ្នកត្រូវតែសួរខ្លួនឯងឲ្យច្បាស់ថាអ្នកនឹងសោកស្ដាយពេលដែលបាត់បង់វាទៅ ព្រោះអ្នកបានចំណាយពេលជាមួយស្នេហានេះយូរហើយ និងបានបង្កើតបានអនុស្សាវរីយ៍ជាច្រើន។ តើអ្នកមិនស្ដាយទេមែនទេ?
៧. ការបែកគ្នានេះជាអារម្មណ៍ពិត ឬគ្រាន់តែចង់សាកចិត្តគេ ឬជាការលេងសើច?
បើសិនជាអ្នកគ្រាន់តែយកការបែកគ្នាដើម្បីសាកចិត្តគ្នា ឬចង់ធ្វើឲ្យស្នេហានោះល្អជាងមុន សុំកុំធ្វើវាអីព្រោះវាជាចរិតកូនក្មេងធ្វើតែប៉ុណ្ណោះ។ កុំយកការបែកគ្នាធ្វើជាដំណោះស្រាយ ឬដើម្បីបន្លាចម្ខាងៗ ព្រោះវាអាចឲ្យអាចដើរផ្លូវខុស។
៨. តើមានអ្នកណាជំរុញឲ្យអ្នកបែកគ្នាទេ?
កុំបែកគ្នាដោយសារអ្នកដទៃឲ្យសោះ ព្រោះវាជាសេចក្ដីសុខអ្នកមិនមែនរស់តាមតែចិត្តគេឡើយ។ សួរខ្លួនឯងមើល ថាតើមានអ្នកមានមិត្តភ័ក្ដិ ឬក៏ គ្រួសារជាអ្នកជំរុញឲ្យធ្វើបែបនេះមែនទេ? ប្រហែលជាពួកគេមានបំណងអ្វីមួយទើបពួកគេចង់ឲ្យអ្នកធ្វើបែបនេះ ជាការប្រសើរអ្នកគួរតែសម្រេចចិត្តខ្លួនឯងទៅ។
៩. ធ្លាប់ថែរក្សាស្នេហានេះបានល្អឬក៏អត់?
ពេលខ្លះអ្នកឃើញតែចំណុចអាក្រក់របស់គាត់ដោយមិនបានមើលពីខ្លួនឯង។ អ្នកគួរតែក្រឡេកមើលខ្លួនឯងបន្តិចសិនថាតើអ្នកមានខុសឆ្គងអ្វីលើគាត់ទេ ឬមួយក៏អ្នកធ្វើបែបនេះដើម្បីយកល្អតែខ្លួនឯង?
ដើម្បីកុំឲ្យមានការស្ដាយក្រោយអ្នកគួរតែគិតគូរឲ្យច្បាស់សិន កុំធ្វើតាមតែអារម្មណ៍ តាមតែការខឹង ព្រោះពេលខ្លះរឿងដែលអ្នកធ្វើហួសហើយមិនអាចត្រឡប់វិញទេ៕