អ្វីក៏ដោយឲ្យតែដល់កម្រិតជ្រុល វានឹងផ្ដល់លទ្ធផលអវិជ្ជមានវិញ។ ពេលខ្លះអ្នកស្រឡាញ់គាត់ខ្លាំងពេក រហូតមិនអាចស្រមៃថាត្រូវរស់នៅបែបណាបន្តប្រសិនបើគ្មានរូបគាត់។ គាត់ម្នាក់នោះបានក្លាយជាមនុស្សអាទិភាពដំបូងបង្អស់ដែលអ្នកអាចលះបង់សព្វគ្រប់បែបយ៉ាងដើម្បីឲ្យគាត់សប្បាយចិត្ត និងមានសុភមង្គល។ អារម្មណ៍ស្រឡាញ់ ហួងហែង ការពារ គ្រប់គ្រងចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែអ្នកបែរជាមិនព្យាយាមទប់ស្កាត់ វានឹងធ្វើឲ្យស្នេហាអ្នកបរាជ័យវិញ ក្រោមហេតុផល ៥ យ៉ាងនេះ៖
១.រារាំងសេរីភាពរបស់គាត់
នៅពេលដែលអ្នកស្រឡាញ់គាត់ខ្លាំង អ្នកប្រាកដជាមិនចង់ឲ្យគាត់ជួបបញ្ហាលំបាកឡើង។ អ្នកព្យាយាមតាមដាន ព្រមទាំងណែនាំបង្រៀនគ្រប់សកម្មភាពប្រចាំថ្ងៃរបស់គាត់។ សម្រាប់អ្នកវាជាការការពារ ព្រួយបារម្ភ ប៉ុន្តែចង់ឬមិនចង់វាបានក្លាយជាការបំបិទសិទ្ធិសេរីភាពរបស់ដៃគូ ហើយបុរសប្រាកដជាគិតថា គាត់ក្លាយជាមនុស្សឥតបានការ ធ្វើអ្វីខ្លួនឯងមិនកើតបើមិនមានជំនួយពីអ្នក។
២.ជិតស្និទ្ធខ្លាំងពេក
វាជារឿងសំខាន់ដែលអ្នកត្រូវឧស្សាហ៍នៅក្បែរគ្នាឲ្យបានច្រើន ដើម្បីបង្កើនភាពស្និទ្ធស្នាល និងផ្អែមល្ហែមឲ្យស្នេហា។ ប៉ុន្តែ បើអ្នកព្យាយាមតាមកៀកកិតស្អិតគ្រប់ជំហានពេក វាបែរជាធ្វើឲ្យដៃគូរបស់អ្នកធុញទ្រាន់ជាមួយអ្នកទៅវិញ។ អញ្ចឹងទើបគេថា ពេលនៅឆ្ងាយគ្នា អារម្មណ៍នឹករលឹកធ្វើឲ្យចិត្តស្រឡាញ់កាន់តែខ្លាំង។
៣.រឿងផ្ទាល់ខ្លួន
មនុស្សម្នាក់ៗ តែងមានចំណង់ចំណូលចិត្ត ឬបញ្ហាផ្ទាល់ខ្លួន ដែលមិនត្រូវការឲ្យអ្នកណាមកចូលរួមជាមួយសូម្បីគូស្នេហ៍ក៏ដោយ។ ដូច្នេះអ្នកត្រូវផ្ដល់ឧកាសឲ្យគាត់រីករាយ ឬដោះស្រាយជាមួយរឿងទាំងនោះម្នាក់ឯងផង។ ឧទាហរណ៍ ប្រសិនគ្រួសាររបស់គាត់ជួបបញ្ហា ប៉ុន្តែគាត់មិនត្រូវការជំនួយពីអ្នក កុំរឹងរូសរួចព្យាយាមជ្រៀតជ្រែកខុសរឿងឲ្យសោះ។
៤.បង្កជម្លោះ
អ្នកមានសិទ្ធិបញ្ចេញមតិ យោបល់ ប៉ុន្តែអ្នកមិនត្រូវបង្ខំគាត់ឲ្យគោរពតាមការសម្រេចចិត្តរបស់អ្នកគ្រប់យ៉ាងនោះទេ។ រឿងនោះអាចត្រឹមត្រូវសម្រាប់អ្នក ប៉ុន្តែវាអាចខុសពីអ្វីដែលគាត់ចង់បាន ដូច្នេះអ្នកក៏ត្រូវទទួលយកភាពខុសគ្នានេះផងដែរ។ ត្បិតតែអ្នកធ្វើគ្រប់យ៉ាងដើម្បីឲ្យគាត់ល្អ ប៉ុន្តែវានឹងក្លាយជាជម្លោះ ការខ្វែងគំនិតគ្មានថ្ងៃបញ្ចប់។
៥.បង្កឲ្យមានការធុញទ្រាន់
ស្រឡាញ់ខ្លាំងពេក អ្នកតែងតែនៅក្បែរគាត់គ្រប់ពេល។ យូរទៅគាត់ក៏ធុញ ព្រោះមិនមែនរឿងថ្មីៗត្រូវនិយាយគ្នាដូចមុន។ ឃើញមុខអ្នកច្រើន គាត់ចាប់ផ្ដើមស៊ាំ ដោយសារអ្វីៗហាក់បីដូចជាដដែលៗពេក ដូច្នេះអ្នកគួរតែទុកពេល សម្រាប់ឲ្យម្នាក់ៗដកដង្ហើមខ្លះ ព្រោះភាពអាត្មានិយមពិតជាមិនអាចទទួលយកបានឡើយក្នុងរឿងស្នេហា៕